អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌា​ប្រឈមនឹង​វិបត្តិ​ខ្វះទឹក​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឥណ្ឌា​កំពុង​ប្រឈម​នឹង​វិបត្តិ​ខ្វះទឹក​ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ ដោយ​ប្រជាជនប្រមាណ​ជា ៦០០លាន​នាក់ កំពុង​ប្រឈម​នឹង​ការខ្វះទឹកប្រើប្រាស់។ ​ក្នុងចំណោម​នោះ វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ជាងគេ គឺ​​កើតមាន​ឡើង​នៅ​ឯ​ទីក្រុង​ដ៏ធំ​មួយ ឈ្មោះ​ថា ឆេនណៃ (Chhennai) ដែល​ជា​ទីក្រុង​ដ៏​ធំ​លំដាប់​ទី​៦របស់​ឥណ្ឌា ហើយ​ដែល​​ប្រភព​ទឹក​ទាំងអស់​នៅ​ក្នុង​ទីក្រុង​នេះ​ត្រូវ​រីងស្ងួត​ទាំងស្រុង។ តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ឥណ្ឌា​ត្រូវ​ប្រឈម​នឹង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ?

បឹង ដែល​ជា​អាងស្តុក​ទឹក​ដ៏​សំខាន់មួយ នៅ​ទីក្រុង​ឆេនណៃ ប្រទេស​ឥណ្ឌា ត្រូវ​ហួតទឹក​អស់​ដល់​បាតបឹង
បឹង ដែល​ជា​អាងស្តុក​ទឹក​ដ៏​សំខាន់មួយ នៅ​ទីក្រុង​ឆេនណៃ ប្រទេស​ឥណ្ឌា ត្រូវ​ហួតទឹក​អស់​ដល់​បាតបឹង REUTERS/P. Ravikumar/File Photo
ផ្សាយពាណិជ្ជកម្ម

ឆេនណៃ គឺ​ជា​ទីក្រុង​ដ៏​ធំមួយ មាន​ប្រជាជន​រស់​នៅ​រហូតដល់​ទៅ​​​ជាង ៤លាននាក់ ជា​ទីក្រុង​សេដ្ឋកិច្ច​ដ៏​សំខាន់​ ជា​មូលដ្ឋាននៃ​ឧស្សាហកម្ម​ផលិត​រថយន្ត ហើយ​ក៏​ជា​ទីក្រុង​ទេសចរណ៍​ដ៏​សំខាន់​មួយ​ផងដែរ​របស់​ឥណ្ឌា។ ក៏ប៉ុន្តែ អស់រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ ដែល​ប្រភព​ទឹក​​នៅ​ទីនោះ​ត្រូវ​រីងស្ងួតអស់ ហើយ​គេ​ត្រូវ​ពឹងផ្អែក​ទៅលើ​ទឹកស្អាត​ដែល​ដឹកជញ្ជូន​ពី​កន្លែងផ្សេង។​

ប្រឈម​នឹង​វិបត្តិ​ខ្វះទឹក​នេះ សាលារៀន​ ក៏​ដូចជា​ភោជនីយដ្ឋាន​មួយ​ចំនួន​ត្រូវ​បង្ខំចិត្ត​បិទទ្វារ ការិយាល័យ​ធ្វើការ​ខ្លះ​ក៏​តម្រូវ​ឲ្យ​បុគ្គលិក​ធ្វើការ​នៅ​ផ្ទះ ចំណែក​នៅ​តាម​ផ្ទះ​សម្បែង​វិញ  ប្រជាជន​​ដែល​មាន​ជីវភាព​សមរម្យ​ល្មម​​​អាច​ទិញទឹក​ពី​ក្រុមហ៊ុន​ឯកជន ចំណែក​អ្នក​គ្មាន​លុយ​ គឺ​​ត្រូវ​ឈរ​តម្រង់ជួរគ្នា​​ចាំ​ទទួល​របបទឹក ដែល​ផ្តល់​ដោយ​អាជ្ញាធរ តាមរយៈ​ការ​ដឹកជញ្ជូន​តាម​រថយន្ត។ ពេលខ្លះ​ជម្លោះ​ដណ្តើម​ទឹកគ្នា បាន​រាលដាល​រហូត​បង្កើត​ឲ្យ​មាន​ទៅ​ជា​អំពើ​ហិង្សា​ក៏​មាន។

រូបភាព​ទាំងនេះ​ស្ទើរតែ​ធ្វើ​ឲ្យ​គេ​ភ្លេច​ថា ទីក្រុង​ឆេនណៃ​នេះ គឺ​ជា​ទីក្រុង​មួយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​នឹង​ឆ្នេរ​សមុទ្រ មាន​ទន្លេ​ហូរកាត់​ដល់​ទៅ៣ ព្រម​ទាំង​មាន​បឹង​ធំៗ​ចំនួន ៤ ជា​អាង​ស្តុកទឹក។ តើហេតុអ្វី​បាន​ជា​ទីក្រុង​ជឿនលឿន ហើយ​សម្បូរ​ប្រភព​ទឹក​ធម្មជាតិ​មួយ​នេះ បែរ​ជា​ត្រូវ​ប្រឈម​នឹង​វិបត្តិ​ខ្វះទឹក​ដ៏​ធ្ងន់ធ្ងរ​បែបនេះ​ទៅវិញ?

ជាការពិតណាស់​ថា បញ្ហា​អាកាសធាតុ គឺ​ជា​កត្តា​ដ៏​ចម្បងមួយ។ ទីក្រុង​ឆេនណៃ ក៏​ដូចជា​ ​តំបន់​មួយ​ចំនួនផ្សេងទៀត​នៅ​ឥណ្ឌា​ត្រូវ​ប្រឈម​នឹង​អាកាសធាតុ​ក្តៅហួតហែង ដោយ​ជា​រឿយៗ សីតុណ្ហភាព​ត្រូវកើនឡើង​លើស​ពី ៤០​អង្សា ហើយ​ក្នុង​ពេល​ជាមួយគ្នា រដូវភ្លៀង​ក៏​មាន​កាន់តែខ្លី ភ្លៀងធ្លាក់​​ក៏​កាន់តែ​តិច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បឹង ដែល​ជា​អាងស្តុក​ទឹក​ដ៏​សំខាន់​ទាំង ៤ របស់​ទីក្រុង​ត្រូវ​រីងទឹក​អស់​​រហូត​​ត្រូវ​ក្លាយ​ទៅ​ជា​ដីគោក។

ក៏ប៉ុន្តែ ក្រៅពី​កត្តា​អាកាសធាតុ កត្តាមនុស្ស​ គឺ​​ជា​ដើម​ហេតុ​ដ៏​រឹតតែចម្បងមួយទៀត ដែល​នាំ​ឲ្យ​មាន​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នៅ​ពេលនេះ។

ចំនួន​ប្រជាជន​ក្នុងក្រុង​ឆេនណៃ ដែល​កើនឡើង​១ជា២ នៅ​ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ បូក​រួម​ជាមួយ​នឹង​ការ​ប្រើប្រាស់​ទឹក​ដោយ​ខ្ជះខ្ជាយ វា​គឺ​ជា​បញ្ហា​ចោទ​មួយ ក៏ប៉ុន្តែ បញ្ហា​ចោទ​កាន់តែ​ធំជាងនេះ​ទៅទៀត គឺ​បរាជ័យ​របស់​អាជ្ញាធរ នៅ​ក្នុង​ការ​ចាត់ចែង​ធនធានទឹក។

តាមការពិត​ទៅ ក្រៅពី​បឹង​​​ទាំង៤ ដែល​ជា​អាង​ស្តុក​ទឹក ទីក្រុង​ឆេនណៃ​នៅ​មាន​ប្រភព​ទឹក​សំខាន់ៗ​ផ្សេង​ទៀត គឺ​​​​​ទន្លេ​ទាំង៣​ដែល​ហូរ​កាត់​ទីក្រុង ព្រមទាំង​​​ប្រភព​ទឹក​ក្រោមដី។ ក៏ប៉ុន្តែ បញ្ហា​ចោទ គឺ​នៅ​ត្រង់​ថា ទីក្រុង​ឆេនណៃ​នេះ ដែល​ជា​ក្រុង​មាន​ប្រជាជន​ដល់​ទៅ​ជាង ៤លាន​នាក់ ហើយជាទីក្រុង​សម្បូរ​ទៅ​ដោយ​រោងចក្រ​ និង​ជា​ទីក្រុង​ទេសចរណ៍​ផងនោះ ក៏ប៉ុន្តែ​មិនមាន​ប្រព័ន្ធ​​ចម្រោះ​ទឹកកខ្វក់​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​កខ្វក់​​ដែល​ចេញ​ពី​រោងចក្រ ពី​សណ្ឋាគារ និង​​ពី​តាម​ផ្ទះ​ប្រជាជន​ ត្រូវ​​បង្ហូរ​ចេញ​តាម​លូ ហើយ​ចាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​ដោយ​គ្មាន​ចម្រោះ។ ជាលទ្ធផល ទន្លេ​អស់ទាំងនេះ​មានទឹក ក៏ប៉ុន្តែ ជាទឹក​ដែល​មិនស្អាត មិន​អាច​​ឲ្យ​គេ​យក​មក​ប្រើប្រាស់​បាន។

ដូចគ្នា​ដែរ​ចំពោះ​ប្រភព​ទឹក​ក្រោម​ដី ដែល​នៅ​តាម​តំបន់​ខ្លះ​​ត្រូវ​រង​នូវ​ការ​បំពុល​ដោយ​ទឹកកខ្វក់ ដែល​​លេចធ្លាយ​ចេញ​ពី​ប្រព័ន្ធលូ ដែល​ខ្វះនូវការ​ថែទាំ​ត្រឹមត្រូវ។ ចំណែក​ប្រភព​ទឹក​ក្រោម​ដី​នៅ​តាម​តំបន់​ផ្សេងទៀត ដែល​ជាទឹក​ស្អាត​អាច​ប្រើប្រាស់​បាន ក៏​មាន​បរិមាណ​កាន់តែ​តិចទៅផងដែរ ដោយសារ​តែ​សកម្មភាព​បូម​យក​ទឹក​ក្រោមដី​យក​មកប្រើប្រាស់​នេះ មាន​ច្រើន​ហួសហេតុ ដោយ​គ្មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ។

តាមការពិត​ទៅ ការប្រើប្រាស់​ប្រភព​ទឹក​ក្រោម​ដី​ដ៏​ហួសហេតុ​នេះ មិនមែន​កើតមាន​តែ​នៅ​ទីក្រុង​ឆេនណៃ​នេះមួយទេ ក៏ប៉ុន្តែ​ វា​ជា​ករណី​ទូទៅ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​អ្នក​ជំនាញ​ខាង​ឧតុនិយម និង​ធនធានទឹក​ បាន​ធ្វើការ​កត់សម្គាល់ថា ប្រជាជន​ឥណ្ឌា​ទូទៅ មាន​ទម្លាប់​ប្រើ​តែទឹកអណ្តូង គឺប្រើ​ទាំង​នៅ​ក្នុងផ្ទះ និង​ប្រើ​ក្នុងការ​ធ្វើ​កសិកម្ម។

ធនាគារ​ពិភពលោក​ធ្លាប់​បាន​ចេញ​របាយការណ៍​មួយ កាល​ពី​ឆ្នាំ២០១២​កន្លងទៅ ដោយ​លើកឡើង​ថា ឥណ្ឌា គឺ​ជា​ប្រទេស​ដែល​ប្រើប្រភព​ទឹកក្រោម​ដី​ច្រើន​ជាង​គេ​បង្អស់​នៅលើ​ពិភពលោក គឺ​ច្រើន​ហួស​ពី​កម្រិត​ដែល​ប្រភពទឹក​ក្រោម​ដី​​អាច​ផ្គត់ផ្គង់បាន។

ផ្ទុយ​ពីនេះ​ទៅវិញ ឥណ្ឌា​ត្រូវ​បាន​គេ​ចាត់បញ្ចូល​ទៅ​ក្នុង​ចំណោម​ប្រទេស​ដែល​​​ត្រង​​យក​ទឹកភ្លៀង​មកប្រើ​ក្នុងកម្រិត​ដ៏​តិចជាងគេ​បង្អស់​នៅលើ​ពិភពលោក។

ការប្រើប្រាស់​ទឹក​ហួស​កម្រិត​ពី​ប្រភពមួយ ហើយខ្ជីខ្ជា​​ក្នុង​ការ​ប្រើប្រាស់​ទឹក​ពី​ប្រភព​ផ្សេង ព្រមទាំងបរាជ័យ​ក្នុងការ​ថែរក្សា​ប្រភពទឹក​ដែល​មាន​ស្រាប់​ពី​ការ​បំពុលដោយទឹកកខ្វក់... ទាំង​អស់នេះហើយ ដែល​សុទ្ធសឹង​ជា​កត្តា​ចម្បងៗ​នាំ​ឲ្យ​មាន​វិបត្តិ​ខ្វះទឹក​នៅ​ឥណ្ឌា​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ នេះ​គេ​នៅមិនទាន់​និយាយ​ដល់​ផង អំពី​កំណើន​ដ៏លឿន​នៃ​តម្រូវការ​ទឹក​នៅ​ឥណ្ឌា ដែល​កើតចេញ​ពី​កំណើន​​នៃ​សកម្មភាព​សេដ្ឋកិច្ច និង​​​ចំនួន​ប្រជាជន។

ដូចដែល​វិទ្យាស្ថានស្រាវជ្រាវ​មួយ​របស់​ឥណ្ឌា (NITI Aayog) ​ធ្លាប់​បាន​លើកឡើង​រួចមកហើយ កាល​ពី​ឆ្នាំ២០១៨​កន្លងទៅ​ថា បច្ចុប្បន្ន​នេះ ប្រជាជន​ឥណ្ឌា​មាន​រហូតដល់​ទៅ​ប្រមាណ​ជា ១៦% នៃ​ប្រជាជន​ពិភពលោក ក្នុងពេល​ដែល​ប្រភព​ទឹក​ឥណ្ឌា​វិញ មានតែ​ប្រមាណ​ជា ៤%​ តែ​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​ឥណ្ឌា​រហូតដល់​ទៅ ៦០០លាននាក់​ត្រូវ​ប្រឈម​នឹង​វិបត្តិ​ខ្វះទឹក ហើយ​វិបត្តិ​នេះ​នឹង​មាន​សភាព​​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត នៅ​ពេល​ដែល​​តម្រូវការ​ទឹក​នៅ​ឥណ្ឌា​ត្រូវ​កើនឡើង​១ជា២ ចាប់ពីពេលនេះរហូត​ដល់​ឆ្នាំ២០៣០​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ