អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ថវិកា​និង​ការកាត់បន្ថយ​ការបញ្ចេញឧស្ម័នពុល​ជាគន្លឹះ​ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ​អាកាសធាតុ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​មួយរយៈពេល​ចុងក្រោយនេះ​ អ្នកស្រាវជ្រាវ​ និង​អង្គការ​សហប្រជាជាតិ​ បាន​ចេញ​សារ​ព្រមាន​ជាច្រើនលើក​ច្រើនសា​ អំពី​គ្រោះមន្តរាយ​អាកាសធាតុ​ ដែល​កំពុង​កើត​ឡើងកាន់តែច្រើន ​និង​មានភាព​កាចសាហាវ​កាន់តែខ្លាំង​។ ការ​ប្រែប្រួល​អាកាសធាតុខ្លាំង​បែបនេះ​ បានក្លាយជា​ ការប្រឈម​ដ៏ខ្លាំង​សម្រាប់ពិភពលោក​ ហើយ​បើ​គ្មាន​ការចូលរួម​ដោះស្រាយ​ពីមនុស្ស​លោកទេនោះ​ ជីវិត​នៅលើផែនដី​ទាំងមូល​នឹង​ជួបគ្រោះថ្នាក់​។ ទាក់ទង​រឿងនេះ​ដែរ​ ក្នុងសន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ​ នាថ្ងៃចន្ទ​ ទី០៣ ធ្នូ​ នេះ ក្រុម​ប្រទេសក្រីក្រ​ និង​អង្គការ​សហប្រជាជាតិ​ ក៏បាន​ជំរុញ​ជាពិសេស​ផងដែរ​ ឲ្យប្រទេសអ្នកមាន​ ចូលរួម​កាន់តែ​សកម្ម​ដើម្បី​ដោះស្រាយ​បញ្ហានេះ​។

សន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុ ប្រព្រឹត្តទៅក្នុងទីក្រុង Katowice ប្រទេសប៉ូឡូញ នាថ្ងៃទី០២ ធ្នូ ឆ្នាំ២០១៨។
សន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុ ប្រព្រឹត្តទៅក្នុងទីក្រុង Katowice ប្រទេសប៉ូឡូញ នាថ្ងៃទី០២ ធ្នូ ឆ្នាំ២០១៨។ REUTERS/Kacper Pempel
ផ្សាយពាណិជ្ជកម្ម

ប្រធានបទ​សំខាន់​ ដែល​មាន​លើ​តុ​ពិភាក្សា​ក្នុងសន្និសីទ​អន្តរជាតិ​ស្តីពីអាកាសធាតុ​លើកទី ២៤​ Cop 24

ការ​ប្រែប្រួល​អាកាសធាតុ​ គឺ​ពិតជា​បញ្ហាសំខាន់ខ្លាំង​មែនទែន​ ដែល​គេ​មិនអាច​មើលរំលងបាន​ ពីព្រោះថា​គ្រោះមហន្តរាយ​ ដែល​បង្កឡើងដោយ​ការប្រែប្រួល​អាកាសធាតុ​ វាអាច​ធ្វើឲ្យ​ពិភពលោក​ទាំងមូល​វិនាស​ហិនហោច​បាន​។ ដូច្នោះ​ហើយ​បានជា​ បណ្តាប្រទេស​នានា​ ជាពិសេស​ក្រុម​ប្រទេស​អ្នកមាន​ខិតខំ​បង្កើតឲ្យមាន​ជា​កិច្ចពិភាក្សាគ្នា​ ដើម្បី​ពួតដៃពួតជើង​គ្នា​ដោះស្រាយ​បញ្ហា​ចំពោះមុខ​រួមគ្នា​។

ដោយឡែក​ បើ​ងាកមកផ្តោត​លើ​សន្និសីទ​អាកាសធាតុ​ របស់​អង្គការ​សហ​ប្រជាជាតិ​វិញ​ ក្រុមប្រទេស​ដែលជា​សមាជិក​ចំនួន​ជិត​ ២០០​ ប្រទេស​ នឹង​ពិភាក្សា​លើ​របៀបវីរៈ​សំខាន់ៗ​ពីរ​ ដែល​ក្នុងនោះ​ប្រធានបទទី១​ គេ​ផ្តោតលើ​ ការ​ចូលរួម​របស់​ប្រទេស​សមាជិក​ទាំងអស់​ក្នុងការ​ចូលរួម ​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុទីក្រុង​ប៉ារីសឆ្នាំ​ ២០១៥​ ដើម្បី​កាត់បន្ថយ​ការ​បំភាយឧស្ម័ន​ផ្ទះកញ្ចក់​ ក្នុង​គោលដៅ​ទប់ស្កាត់កុំឲ្យសីតុណ្ហភាព​ផែនដី​ កើនឡើង​លើស​ ២​ អង្សាសេ​ ឬបើអាច​កុំឲ្យលើស ​១,៥ អង្សាសេ​ នៅត្រឹម​ចុងសតវត្សរ៍​ទី​២១នេះ​។

ជាមួយគ្នានេះ​ផងដែរ​ ប្រធានបទ​ដែល​សំខាន់​និង​ក្តៅបំផុត​ ដែល​អង្គការ​សហប្រជាជាតិ​ លើកយក​មក​ដាក់លើ​ តុ​ពិភាក្សានោះ​គឺ​ បញ្ហាថិវកា​។ គេ​ត្រូវដឹងថា​ ដើម្បី​អាច​ដោះស្រាយ​បញ្ហា​ដ៏ធំ​ដូចជា​គ្រោះមហន្តរាយ​អាកាសធាតុ​ គេ​ត្រូវការ​ថវិកា​ជាចាំបាច់​ ហើយ​ចំនួន​ថវិកា​ នោះទៀតសោធ​ក៏ត្រូវការ​ចំនួនច្រើនក្រាស់ក្រែល​ផងដែរ​។

ដោយឡែក​ ចំនួន​ទឹកប្រាក់​នៃ​ការចូលរួម​វិភាគទាន​ថវិកា​ពី​បណ្តាប្រទេស​អ្នកមាន​ ក៏ជា​ផ្ទាំងស៊ីបសំខាន់បំផុត​ដែល​អង្គការ​សហប្រជាជាតិ​ចង់​រំលេច​ឡើង​ក្នុងសន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ​លើកទី​២៤​ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ និងដែល​ប្រព្រឹត្តធ្វើ​រយៈ​ពេល​២ អាទិត្យ​។

ការ​ចូល​វិភាគទាន​ប្រាក់​ ក្លាយជា​បញ្ហាចំបង​មួយ​ ក្នុង​កិច្ចពិភាក្សា​របស់​សន្និសីទ​ស្តីអំពី​អាកាសធាតុ​នាឆ្នាំនេះ​

ជាការពិតណាស់​បញ្ហាថវិកា​ គឺជា​បញ្ហាស្នូល​ ហេតុនេះហើយ​ទើប​អង្គការ​សហប្រជាជាតិ​លើក​យករឿង​ប្រាក់​វិភាគទាន​មកដាក់​លើតុ​ពិភាក្សា​ក្នុងសន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ​លើក​ទី២៤​ នេះ​។

បើតាម​ធនាគារ​ពិភពលោក​ប្រកាសប្រាប់​នៅថ្ងៃចន្ទនេះ​ គេ​ត្រូវការ​ទឹកប្រាក់​ចំនួនប្រមាណជា​២០០ពាន់​លានដុល្លារ​អាមេរិក​ សម្រាប់​ប្រើប្រាស់​ក្នុងរយៈពេល​៥ឆ្នាំ​ ពោលគឺ​ចន្លោះឆ្នាំ​ ២០២១​-២០២៥​ ដើម្បីអាច​ដោះស្រាយ​ទល់នឹង​បញ្ហា​គ្រោះមន្តរាយ​ ដែល​បង្កឡើង​ដោយធម្មជាតិ​ ដូចជា​ ការកើនឡើង​កំពស់ទឹក​សមុទ្រ​ គ្រោះរាំងស្ងួត​ និង​ទឹកជំនន់​បាន​។

វា​មានន័យថា​ រាល់​ប្រទេស​នៃ​សមាជិក​ កិច្ចព្រមព្រៀង​ស្តីអំពី​អាកាសធាតុ​ទាំងជិត ២០០​ ប្រទេស​ ត្រូវ​ធ្វើយ៉ាងណា​រៃអង្គាស​ប្រាក់​ឲ្យបាន​ចំនួន​ ២០០​ ពាន់លានដុល្លារ ​អាមេរិក​ សម្រាប់​ប្រើប្រាស់​ក្នុង​មូលនិធិ​ដែល​គេ​ឲ្យ​ឈ្មោះថា​ កញ្ចប់​ថវិកា​បៃតង​។

ប៉ុន្តែ​ ការ​ចូលរួម​វិភាគទាន​លុយនេះទៀត​សោធ​ ក៏​បានក្លាយទៅជា​ការ​មិនយល់ព្រមគ្នា​ ពីព្រោះថា​ មានប្រទេសខ្លះ​ចេញតិច​ មានប្រទេសខ្លះ​ចេញច្រើនជាង​។

សូមរំឭកថា​ ស្រប​ទៅតាម​កិច្ចព្រមព្រៀង ​ស្តីពីអាកាសធាតុទីក្រុង​ប៉ារីស​ក្រុមប្រទេស​អ្នកមាន​ មានកាតព្វកិច្ច ​ផ្តល់​វិភាគទាន ដល់​កញ្ចប់​ថវិកា​បៃតង ក្នុងចំនួន​ច្រើនជាង​ក្រុម​ប្រទេស​ក្រីក្រ​។

ឧទាហរណ៍​ជាក់ស្តែង​ ប្រទេសក្រីក្រ​តួយ៉ាង​ដូចជា​ ប្រទេស​ ហ្វីជី​ នីហ្សេរីយ៉ា​ និងនេប៉ាល់​ បាន​លើកឡើងថា​ ប្រទេស​អភិវឌ្ឍន៍​-ប្រទេស​អ្នកមាន​ គួរតែ​មាន​ការ​ទទួលខុសត្រូវខ្ពស់​ចំពោះការ​បំភាយ​ឧស្ម័នកាបូនិក​ ហើយត្រូវ​ជួយ​ផ្តល់ប្រាក់​ និង​ផ្ទេរបច្ចេកវិទ្យាថ្មីៗ​ ដល់ប្រទេសក្រីក្រ​ដើម្បី​ធ្វើការ​កាត់បន្ថយ​ឧស្ម័នពុល​។

ដោយឡែក​ជុំវិញ​ការ​បង់វិភាគទាន​ថវិកា​នេះដែរ​ ក្រុម​ប្រទេសអ្នកមាន​ ដឹកមុខ​ដោយ​អាមេរិក​វិញ​ រហូតមកដល់ពេលនេះ​ នៅតែ​មិនចង់​បង្ហាញពី​ចំនួនទឹកប្រាក់​ ដែល​ប្រទេស​ទាំងនោះ​ ចូលរួមបរិច្ចាគ​ ទៅតាម​សំណើ​របស់​អង្គការ​សហប្រជាជាតិ​ ក្នុង​បេសកកម្ម​ បង្កើត ​ផែនការ​ថាមពល​បៃតង​ ឲ្យ​លេចចេញ​ជារូបរាងឡើង​។

ផែនការ​ថាមពល​បៃតង​ដើម្បី​សង្គ្រោះផែនដី​ កំពុង​ស្ថិតនៅក្នុង​ភាព​មិនប្រាកដប្រជា​

បើ​ប្រទេស​នៅលើពិភពលោក​ នៅតែ​អាត្មានិយម​គិតពី​ប្រយោជន៍​ខ្លួនឯងខ្លាំង​ជាង​ប្រយោជន៍រួមនោះ​ វា​ច្បាស់ណាស់​គេអាច​និយាយ​បានថា​ ពិភពលោក​ទាំងមូល​នឹង​ត្រូវ​បំផ្លិចបំផ្លាញ​ តាមរយៈ​ការបញ្ចេញឧស្ម័នពុល​ ឬ​ការបំភាយ​ឧស្ម័ន​ផ្ទះកញ្ចក់​បាន​ នា​ពេលអនាគត​ខាងមុខ​។

តែ​ទោះជា​យ៉ាងណា​ក៏ដោយ​ នាពេលនេះ​ គេអាច​ទាញ​សេចក្តី​សន្និដ្ឋាន​បានថា​ ការ​ចាកចេញ​របស់​សហរដ្ឋអាមេរិក​ ពី​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ នាឆ្នាំ​២០១៧​ និង​ការ​បដិសេដ​មិន​ចូលរួម​កាត់​បន្ថយ​ឧស្ម័នផ្ទះ​កញ្ចក់​របស់​ប្រទេសប៉ូឡូញ​ ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​ស្តីអំពី​អាកាសធាតុ​នាខណៈនេះ​ វា​ជា​កត្តា​ជំរុញ​សំខាន់​មួយ​ ដែល​អាច​នាំឲ្យ​ផែនការ​ថាមពលបៃតង​ ដើម្បីជួយសង្គ្រោះ​ពិភពលោក​ពី​គ្រោះមន្តរាយអាកាសធាតុ​អាច​ ជួប​ភាពមិនប្រាកដប្រជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ