អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មន្ទិលសង្ស័យ​ជុំវិញ​ខ្លឹមសារ​នៃ​ជំនួប​ត្រាំ-ពូទីន​កំពុងតែ​ធ្វើឲ្យ​អ្នកបកប្រែ​ក្លាយជា​ចំណុច​ចាប់អារម្មណ៍​ខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

តំណាងរាស្ត្រអាមេរិកាំងជាច្រើនរូប នាំគ្នាជះសំដី​ទាំងឆេះដុំ ទៅលើ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ដែលខំលាក់បំបាំង ខ្លឹមសារនៃ ការសន្ទនារបស់គាត់ ជាមួយ សមភាគីរុស្ស៊ី។ បញ្ហា​ចម្រូងចម្រាស​នេះ​ធ្វើ​ឲ្យ​សមាជិកសភា​ទាមទារ​​ឲ្យ​អ្នក​បកប្រែ​​របស់​លោក​ដូណាល់ ត្រាំ​ចេញមក​ឆ្លើយ​បំភ្លឺ។

លោក​ដូណាល់ ត្រាំ និង​លោក​វ៉្លាឌីមៀរ ពូទីន នៅ​ក្នុង​ជំនួបកាល​ពីថ្ងៃ​ទី១៦ កក្កដា ឆ្នាំ២០១៨ នៅ​ក្នុង​ទីក្រុងហែលស៊ិនគី ប្រទេស​ហ្វាំងឡង់
លោក​ដូណាល់ ត្រាំ និង​លោក​វ៉្លាឌីមៀរ ពូទីន នៅ​ក្នុង​ជំនួបកាល​ពីថ្ងៃ​ទី១៦ កក្កដា ឆ្នាំ២០១៨ នៅ​ក្នុង​ទីក្រុងហែលស៊ិនគី ប្រទេស​ហ្វាំងឡង់ Sputnik/Alexei Nikolsky/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

ពួកអ្នកបកប្រែ ក្នុងអង្គសវនាការនៃតុលាការ ឬ​ក្នុងជំនួបកំពូល សុទ្ធតែគោរពតាម ក្រមអភិសមាចារ  ដែលតម្រូវឲ្យគេ កុំទម្លាយឲ្យបែកការណ៍ឡើយ រឿងស្ងាត់កំបាំង ដែលគេបានឮនិងបានបកប្រែ។

លោក ដូណាល់ ត្រាំ បានចិញ្ចឹមទុកក្តីមន្ទិល ចំពោះទំនាក់ទំនងគាត់ជាមួយ ប្រទេសរុស្ស៊ី កាលពីខែកក្កដា ឆ្នាំទៅមិញ ដោយផ្តាច់ខ្លួនចេញពីពួកអ្នកការទូតអាមេរិកាំង និង​ទីប្រឹក្សាសំខាន់ៗរបស់គាត់ ទៅ​ជជែក​មួយទល់​នឹង​មួយ ដល់​ទៅ​​២ ម៉ោង ជាមួយ លោក វ៉្លាឌីមៀរ ពូទីន ក្នុងជំនួបទ្វេភាគីជាផ្លូវការជាលើក​​​​​​​​​​​ដំបូង។

អ្នកដែល​មាន​វត្តមានក្នុងកិច្ចសន្ទនា នៅក្រុង Helsinki នោះ​ គឺ លោកស្រី Marina Gross ជាអ្នកបកប្រែ​ភាសា​រុស្ស៊ី​ ដែល​ធ្វើការ​នៅ​ក្នុង​​ក្រសួងការបរទេសអាមេរិក។

កាល​ពី​ឆ្នាំទៅ​មិញ ពួកអ្នកតំណាងរាស្ត្រខាងបក្សប្រជាធិបតេយ្យ នៃសភាតំណាងអាមេរិកាំង បានព្យាយាម​កោះ​ហៅលោកស្រី Marina Gross ទៅបង្ហាញសក្ខីកម្ម ប៉ុន្តែមិនសម្រេចដូចចិត្ត។ សមាជិកសភា​បាន​លើកឡើង​ថា មូលហេតុ ដែលជម្រុញគេ ឲ្យចាត់វិធានការវិសាមញ្ញនេះ គឺមកពីអាកប្បកិរិយាមិនប្រក្រតី របស់ លោក ដូណាល់ ត្រាំ។

កាសែត Washington Post លេខថ្ងៃសៅរ៏ ១២ មករា កន្លងទៅ បានចោទជាថ្មីក្តីសង្ស័យ ទាក់ទងនឹង ចំណងលោក ត្រាំ ជាមួយ ប្រទេសរុស្ស៊ី ទាំងអះអាងថា ក្រោយពីការជួបសន្ទនា ជាមួយលោក ពូទីន នៅ ក្រុងអាល្លឺម៉ង់ Hambourg ក្នុងឆ្នាំ ២០១៧ លោក ត្រាំ បាន ដណ្តើមយកពីអ្នកបកប្រែរបស់គាត់ គឺ ក្រដាសកត់​ត្រា​ខ្លឹមសារ​នៃ​កិច្ចសន្ទនា​​នោះ ហើយសុំអ្នកបកប្រែនោះ កុំឲ្យប្រាប់ទៅសមាជិកឯទៀតនៃរដ្ឋបាលគាត់ អំពី ខ្លឹមសារនៃការសន្ទនា។ 

 “តាមពិត នេះ ជាករណីមិនធ្លាប់មានសោះឡើយ ដែលឥឡូវយើងត្រូវចេញមកបង្ហាញខ្លួនយ៉ាងនេះ - លោក Uros Peterc ប្រធានសមាគមអន្តរជាតិនៃអ្នកបកប្រែសន្និសីទ ដែលមានទីស្នាក់ការនៅក្រុង ហ្ស៊ឺណែវ បញ្ចេញយោបល់។ លោក Peterc ដែលចាត់ទុករបរខ្លួន ជារបរទី២ចំណាស់វ័យជាងគេក្នុងលោក បញ្ជាក់ថា ការរក្សាក្នុងភាពសម្ងាត់ ខ្លឹមសារកិច្ចសន្ទនា គឺជាគោលការណ៍មួយជាគ្រឹះ សម្រាប់អ្នកបកប្រែ។ “មិនខុសគ្នាឡើយ ពីពេលជួបគ្រូពេទ្យតាមផ្លូវ ហើយគាត់សួរយើង៖ ម៉េចទៅ ជម្អឺមហារីករបស់អ្នក”? - មតិ នេះ លើកឡើង ដោយសមាជិកម្នាក់ក្នុងក្រុមអ្នកបកប្រែ នៃជំនួបកំពូល នៅប្រទេស Slovenie ឆ្នាំ ២០០១ រវាង លោក ពូទីន និង លោក George W.Bush។

លោក ដូណាល់ ត្រាំ​វិញ​បាន​​ថ្លែងការពារខ្លួន កាល​ពី​ថ្ងៃចន្ទ ១៤ មករា​ថា “ខ្ញុំមិនដែលធ្វើការឲ្យប្រទេសរុស្ស៊ីសោះឡើយ”។ លោកប្រធានាធិបតី​អាមេរិក​ យល់ដឹងក្នុងចិត្តថា គាត់ជាប់ក្នុងអន្ទាក់នៃការស៊ើបអង្កេតធ្វើដោយ រដ្ឋអាជ្ញាពិសេស Robert Mueller- ការអង្កេតដែលគាត់មិនអាចផ្តាច់ឲ្យឈប់ឡើយ ទោះបីគាត់ដាក់សម្ពាធជាប់ជានិច្ចក្តី។

លោកត្រាំ តែងសំអាងលើលេសថា គោលដៅតែមួយគត់របស់គាត់គឺ កសាង ទំនាក់ទំនងឲ្យបានល្អ ជាមួយលោកពូទីន។ ប៉ុន្តែ ប្រធានាធិបតីអាមេរិកាំងមុនៗ មិនដែលជួបតទល់​តែម្នាក់ឯង មួយទល់​នឹង​មួយ​ ជាមួយ​មេដឹកនាំបរទេស​នោះទេ ជាពិសេស មេដឹកនាំដែល​អាមេរិក​ត្រូវចាត់ទុកជាសត្រូវ។ “គឺ​ទីប្រឹក្សា ហើយតាមធម្មតា ជាតំណាងជាន់ខ្ពស់នៃ ក្រុមប្រឹក្សាសន្តិសុខជាតិ និង ក្នុងករណីខ្លះ គឺ រដ្ឋមន្ត្រីការ​បរទេស ឬ រដ្ឋមន្ត្រីការពារជាតិ ជាអ្នកកត់ត្រា​ខ្លឹមសារ​នៃ​កិច្ចសន្ទនា” - ការនេះលំអិតឲ្យដឹង ដោយ លោក Michael Glennon  បណ្ឌិតសាស្ត្រចារ្យខាងច្បាប់អន្តរជាតិនៃ សាកលវិទ្យាល័យ Tufts University ។ មជ្ឈដ្ឋានឈ្លបយកការណ៍ ជាញឹកញយ តែងចង់ដឹងអំពី ឧបាយយ៉ាងប្រសប់ នៃ ឃ្លាប្រយោគ បន្លឺឡើង ដោយ ប្រមុខរដ្ឋម្ខាងទៀត។  លោក Michael Glennon  បាន​លើកឡើង​ទៀត​ថា ចម្លែកណាស់ សម្រាប់ប្រធានាធិបតី ដែលមិនអនុញ្ញាតឲ្យសមាជិកណាផ្សេងនៃ រដ្ឋបាលខ្លួន ដឹងអំពីអ្វីៗ ដែលគាត់បាននិយាយជាសាច់ការណ៍។

ការកត់សំដីសន្ទនាឲ្យបានក្បោះក្បាយ ដោយ អ្នកបកប្រែ ជា ករណីរឹតតែកម្រ។

តាមលោកស្រី Laura Burian នាយិកាសាលាបកប្រែ និង បង្រៀនភាសា នៃ វិជ្ជាស្ថានស្រាវជ្រាវអន្តរជាតិ ក្រុង Middlebury សហរដ្ឋ​អាមេរិក  “ពួកអ្នកបកប្រែរៀនទម្លាប់សតិខ្លួន ឲ្យបកប្រែរយៈពេលខ្លីៗ ដើម្បីហ្វឹកហាត់ បកប្រែ គំនិតរបស់គូសន្ទនា ឲ្យបានរួច តែប៉ុន្មានវិនាទី ឬ ប៉ុន្មានាទី” លោកស្រី​បាន​លើកឡើង​ទៀត​ថា “ពេលដែលគេខ្វៀកលើក្រដាសប៉ុន្មានពាក្យ គឺ វាគ្រាន់តែជា តួលេខ ឬ ជាឈ្មោះដែលគេត្រូវការ​កត់ត្រា​ទុក​ឲ្យ​ត្រូវ​នឹង​​ន័យពេញដូចដើមវិញ  ហើយ​វា មិនអាចឆ្លុះបញ្ចាំង​ឲ្យឃើញពីរាល់អ្វីៗ ដែលមានបន្លឺឡើងក្នុងកិច្ច​សន្ទនានោះទេ”

គួរបញ្ជាក់ថា សហរដ្ឋ​អាមេរិក​ មិនមែនជាប្រទេសតែមួយគត់ឡើយ ដែលពួកអ្នកបកប្រែ ត្រូវគេហៅឲ្យទៅបង្ហាញសក្ខីកម្ម។

ក្នុងខែធ្នូ កន្លងទៅ សមាគមអន្តរជាតិនៃអ្នកបកប្រែសន្និសីទ បានទាញ​អាសន្ន ពេលដែលអាជ្ញាធរប៉ូឡូញ បានកោះហៅអ្នកបកប្រែ ទៅបង្ហាញសក្ខីកម្ម អំពីការសន្ទនាគ្នា រវាងលោក វ៉្លាឌីមៀរ ពូទីន និង លោក Donald Tusk ដែលបច្ចុប្បន្នជា ប្រធានក្រុមប្រឹក្សាអឺរ៉ុប ហើយកាលណោះ ជានាយករដ្ឋមន្ត្រីប៉ូឡូញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ